ភ្នំពេញៈ ការជម្លៀសប្រជាជនរាប់លាននាក់ឲ្យចេញពីរាជធានីភ្នំពេញ
បន្ទាប់ពីខ្មែរក្រហមចូលទីក្រុងក្នុងខែមេសា ឆ្នាំ១៩៧៥
ត្រូវបានសម្រេចឡើងដោយគណៈកម្មាធិការកណ្តាលរបស់បក្សនៅក្នុង
កិច្ចប្រជុំជាច្រើនដែលចាប់ផ្តើមក្នុងឆ្នាំ១៩៧៣។
នេះបើយោងតាមលោក នួន ជា
បងធំទី២នៃរបបខ្មែរក្រហមដែលបានផ្តល់កសិណសាក្សីកាលពី
ម្សិលមិញ។
បុរសវ័យ៨៥ឆ្នាំរូបនេះ
បានប្រាប់ចៅក្រមនៅសាលាក្តីខ្មែរក្រហមថា ការជម្លៀសប្រជាជនចេញ
គឺត្រូវធ្វើដើម្បីរំដោះទីក្រុង
និងការពារមិនឲ្យមានការបាត់បង់ជីវិតប្រជាជនបន្ថែមទៀត ក្រោមរបប
លន់ នល់ ដែលគាំទ្រដោយអាមេរិក។
លោក បានបន្តថា៖ «យើងចាំបាច់ជម្លៀសប្រជាជនទៅខេត្តផ្សេងៗ និងសហករណ៍ផ្សេងៗដើម្បីឲ្យពួកគេមានអាហារទទួលទាន»។
ការជម្លៀសប្រជាជនទាំងបង្ខំដំបូងចេញពីកណ្តាលក្រុងក្នុងខែ មេសា
ឆ្នាំ១៩៧៥
គឺជាប្រធានបទចម្បងតែមួយគត់នៅក្នុងសវនាការកាត់ក្តីទីមួយ
ក្នុងសំណុំរឿង០០២។
ការជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញត្រូវបានព្រះរាជអាជ្ញា
ពិពណ៌នាថា ជាការចាប់ផ្តើមនៃ «សុបិនអាក្រក់»
នៃការកាន់កាប់របស់ខ្មែរក្រហម។
ប្រជាជនរាប់លាននាក់ត្រូវបានជម្លៀសឲ្យដើរតាមផ្លូវក្រៅទីក្រុង
ហើយមានប្រជាជនជាច្រើនបានស្លាប់ដោយសារជំងឺ និងការអត់ឃ្លាន។
ក្នុងអំឡុងពេលជិត៣ម៉ោងនៃការសួរចម្លើយ លោក នួន ជា
បានថ្លែងថា បក្សគឺមិន «ស្អាតស្អំ១០០ភាគរយ»
ហើយត្រូវបានបង្កើតក្នុងសង្គមពុករលួយ និងកលិយុគ។
ខណៈកំពុងពិពណ៌នាអំពី «ធាតុអាក្រក់» នៅក្នុងបក្ស
ចុងចោទវ័យចំណាស់រូបនេះ
បានរំឭកអំពីឧប្បត្តិហេតុមួយក្នុងអំឡុងរបបនោះ ខណៈកំពុងបើក
រថយន្តនៅតាមផ្លូវទៅខេត្តសៀមរាប។
លោក នួន ជា បាននិយាយ នៅក្នុងតុលាការថា៖ «ថ្ងៃមួយ
នៅវេលាម៉ោងប្រហែល៤ព្រឹក
ខ្ញុំកំពុងតែនៅក្នុងរថយន្តទៅខេត្តសៀមរាប
ខ្ញុំបានឃើញហ្វូងប្រជាជនមួយក្រុម ហើយខ្ញុំបានសួរៈ
តើអ្នករាល់គ្នាកំពុងទៅណានៅព្រឹកព្រលឹមនេះ?
ពួកគេប្រាប់ខ្ញុំថា ពួកគេទៅស្ទូងស្រូវ
ហើយខ្ញុំបានសួរពួកគេថា ហេតុអ្វីបានជាព្រលឹមយ៉ាងដូច្នេះ»។
«ពួកគេនិយាយថា នោះគឺជាបញ្ជាពីថ្នាក់លើ ហើយខ្ញុំនិយាយថា ទេ
វាមិនត្រឹមត្រូវនោះទេ»។
បន្ទាប់មកលោក បានអះអាងថា
លោកត្រូវបានគេបោកក្នុងអំឡុងដំណើរចុះទៅសហករណ៍
ដោយគេឲ្យលោកមើលតែមនុស្សមានសុខភាពល្អ និងមិនស្គមស្គាំង។
ជនជាប់ចោទទាំងបីនាក់ចូលបង្ហាញខ្លួនក្នុងក្រចកសេះកាលពី
ម្សិលមិញដែលក្នុងនោះ លោក អៀង សារី បានថ្លែងអះអាងថា
លោកនឹងមិនផ្តល់កសិណសាក្សីណាមួយនោះទេ។
លោក ខៀវ សំផន អាយុ៧៨ឆ្នាំ បានថ្លែងថា
លោកនឹងមិនឆ្លើយសំណួរនោះទេរហូតទាល់តែព្រះរាជអាជ្ញាបង្ហាញ
ភស្តុតាងលើរូបលោក
ប៉ុន្តែលោកបានអាននូវសេចក្តីថ្លែងការណ៍វែងមួយថា
លោកមិនមែនជារបស់បក្សនោះទេ
ហើយមិនបានចូលរួមនៅក្នុងដំណើរការធ្វើការសម្រេចចិត្តទេ។
លោក បានថ្លែងបន្តថា៖ «ប៉ុល ពត បានគិតថា
ខ្ញុំជាអ្នកចេះដឹងម្នាក់ដែលមករស់នៅជាមួយ CPK
(គណបក្សកុម្មុយនីស្តកម្ពុជា)»៕ PS
No comments:
Post a Comment