គម្រោងដែលនឹងសាងសង់នៅលើផ្ទៃដីសរុប ៣៦៥ហិកតា កាត់ខេត្តកំពត និងព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៤។ គម្រោងនេះ ជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Cambodian Petrochemical Company (CPC) សាជីវកម្ម China National Automation Control System Corporation និងក្រុមហ៊ុន Sino March Company of China។
រោងចក្រនេះ ត្រូវគេរំពឹងថា នឹងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសកម្ពុជា ទៅលើការនាំចូលប្រេងពីបរទេស។
លោក ហាន់ ឃាង តំណាងរបស់ CPC បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំជឿជាក់ថា បន្ទាប់ពីយើងអាចផលិតប្រេង និងចម្រាញ់វាបានដោយខ្លួនយើង តម្លៃប្រេងរបស់យើង អាចនឹងប្រៀបធៀបជាមួយប្រទេសជិតខាងបានហើយ ដោយសារយើងនឹងមិនចាំបាច់ចំណាយលើការនាំចូលប្រេងពីបរទេសឡើយ»។
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម ការនាំចូលប្រេង បានកើនឡើងដល់ ១,២លានតោន ឬ ១,១៤ពាន់លានតោន គិតត្រឹមខែតុលា ឆ្នាំនេះ។ តួលេខនេះ បានកើនឡើង ៦៧ភាគរយ។
លោកឧបនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានឲ្យដឹងកាលពីលើកមុនថា តម្រូវការប្រេងរបស់កម្ពុជានាពេលបច្ចុប្បន្ន មានចំនួនជាង១លានតោនក្នុងមួយឆ្នាំ ហើយប្រេងទាំងនោះ ភាគច្រើននាំចូលមកពីប្រទេសវៀតណាម សិង្ហបុរី និងថៃ។
លោក ហាន់ ឃាង បានឲ្យដឹងថា ការសាងសង់រោងចក្រទាំងនោះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ក្នុងដំណាក់កាលដំបូងលើផ្ទៃដី៨០ហិកតានៃផ្ទៃដីសរុប ៣៦៥ហិកតា។
សមត្ថភាពចម្រាញ់សរុបនឹងកើនឡើងដល់៥លានតោនក្នុងមួយឆ្នាំ ជិត៨៥ភាគរយនៃផលិតផលសម្រេចដែលបានលក់នៅក្នុងប្រទេសនេះ ក្នុងរយៈពេល២ឆ្នាំកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងកាលពីឆ្នាំមុនថា កម្ពុជានឹងអាចផលិតប្រេងនៅតំណក់លើកដំបូងបាន នៅពេលរសៀលថ្ងៃទី១២ ធ្នូ ឆ្នាំ២០១២។ នេះជាការលើកឡើងជាច្រើនលើកច្រើនសារបស់លោក។
លោកក៏បានព្រមានក្រុមហ៊ុន Chevron ដែលកំពុងរុករកប្រេងនៅប្លុកA ក្នុងឈូងសមុទ្រប្រទេសកម្ពុជាថា ការខកខានមិនអាចរុករកប្រេងនឹងធ្វើឲ្យកម្ពុជាបញ្ចប់កិច្ច សន្យាជាមួយក្រុមហ៊ុននេះជាមិនខានឡើយ។
លោក Steve Glick ប្រធាន ក្រុមហ៊ុន Chevron Overseas Petroleum ប្រចាំនៅកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីខែសីហាថា ទាក់ទងនឹងបច្ចេកទេស Chevron ត្រៀមខ្លួនជាស្រេចក្នុងការរុករកប្រេង។ ក្រុមហ៊ុនរបស់លោក បានកំពុងដោះស្រាយបញ្ហាជាមួយអាជ្ញាធរជាតិប្រេងកាតកម្ពុជា ប៉ុន្តែសង្ឃឹមថា បញ្ហាទាំងនោះនឹងឈានដល់ការសម្រេចចិត្តជាចុងក្រោយលើការវិនិយោគ របស់ក្រុមហ៊ុននេះ។
លោកបន្តថា Chevron បានបណ្តាក់ទុន ១៦០លានដុល្លារលើអណ្តូងប្រេងចំនួន១៨ នៅកម្ពុជា តាំងពីឆ្នាំ២០០២មក។
លោក ហាន់ ឃាង បានឲ្យដឹងថា កាលពីខែឧសភា CPC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សាអំពីលទ្ធភាពជាមួយ CNACSC ទាក់ទងនឹងជម្រើសក្នុងការវិនិយោគទឹកប្រាក់ ៦០០លានដុល្លារលើការសាងសង់រោងចក្រចម្រាញ់ប្រេង បន្ទាប់ពីការសិក្សាអំពីលទ្ធភាព បានបញ្ចប់ទៅ។
លោកបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងCPC ជាមួយ Sino March ត្រូវបានចុះហត្ថលេខា ដើម្បីផ្តល់ហិរញ្ញវត្ថុបន្ថែមពីលើគម្រោងនោះ ក៏ដូចជាបច្ចេកវិទ្យាចម្រាញ់ប្រេងថ្មីៗ ដែលអាចជួយបង្កើនទិន្នផលរោងចក្រនេះ។
CPC មានភាគហ៊ុន ៤៩ភាគរយនៅក្នុងគម្រោងវិនិយោគនេះ ហើយភាគហ៊ុនដែលនៅសល់ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនពីរផ្សេងទៀត។
លោក ហាន់ ឃាង បានឲ្យដឹងថា ផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ CPC ជាមួយ CNACSC ត្រូវបានផ្តល់ការគ្រប់គ្រងរោងចក្រដល់ក្រុមហ៊ុនចិនរយៈពេល ១០ឆ្នាំ មុនការគ្រប់គ្រងនោះ ត្រូវបានផ្ទេរទៅឲ្យ CPC វិញ។ លោកបានបន្ថែមថា ថ្វីបើយ៉ាងនេះក្តី កិច្ចព្រមព្រៀងថ្មីជាមួយ Sino March អាចឲ្យ CPC គ្រប់គ្រងចាប់តាំងពីពេលចាប់ផ្តើមទៅ ដែលធ្វើឲ្យក្រុមហ៊ុន អាចចែកប្រាក់ចំណូលជាមួយ CNACSC និង Sino March សម្រាប់រយៈពេល១០ឆ្នាំ ប៉ុន្តែលោកបានបដិសេធបង្ហាញអំពីចំនួននោះ។
លោក ហាន់ ឃាង បានសង្កត់ធ្ងន់ថា ទុនសម្រាប់គម្រោងនេះ មិនមែនជាបញ្ហាឡើយ ដោយសារ៨៥ភាគរយ នឹងត្រូវគ្រប់គ្រងដោយដៃគូបរទេស ហើយនៅសល់១៥ភាគរយគ្រប់គ្រងដោយCPC។
ការព្យាករលើកដំបូងសម្រាប់ទឹកប្រាក់វិនិយោគ៦០០លានដុល្លារ ជាចំនួនប៉ាន់ស្មានសម្រាប់ការចម្រាញ់តែប្រេងក្នុងស្រុក ប៉ុណ្ណោះ ប៉ុន្តែលោក ហាន់ ឃាង បានឲ្យដឹងថា ការសិក្សាអំពីលទ្ធភាព បានរកឃើញថា រោងចក្រនេះ គួរប្រើសម្រាប់ចម្រាញ់ប្រេងឆៅដែលនាំចូលពីបណ្តាប្រទេសនៅ អឺរ៉ុបផងដែរ។
លោកកត់សម្គាល់ឃើញថា រោងចក្រកម្ពុជា នឹងអាចចម្រាញ់ ប្រេងដែលមានផូស្វ័រតិច ឬច្រើន ហើយមានសមត្ថភាពចម្រាញ់។
សមត្ថភាពនេះ ជាហេតុធ្វើឲ្យការវិនិយោគ អាចកើនឡើងដល់២ពាន់លានដុល្លារ។
យោងតាម សេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី១ធ្នូ លោក Xu Jian តំណាងក្រុមហ៊ុន Sino March បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ដើម្បីពិភាក្សាអំពីការងារក្រុមហ៊ុននេះ ជាមួយ CPC ដោយក្នុងកិច្ចពិភាក្សានោះ លោកបានបង្ហាញពីការគាំទ្រដល់គម្រោងនេះ។
លោក ហាន់ ឃាង បានឲ្យដឹងថា CPC មានគម្រោងបញ្ជូននិស្សិត៣០០នាក់ ទៅរៀនផ្នែកវិស្វកម្ម និងឧស្សាហកម្មរុករកប្រេង នៅប្រទេសចិន នៅពេលដែលរោងចក្រនេះសាងសង់រួច ហើយសិស្ស ៣០០នាក់ផ្សេងទៀត នឹងត្រូវបណ្តុះបណ្តាលនៅកម្ពុជាដោយអ្នកជំនាញក្នុងស្រុក នឹងមកពីប្រទេសចិន៕ CS
No comments:
Post a Comment