Friday, December 9, 2011

ព្រាប សុវត្ថិ និង សេរី​មន្ត ប៉ះ​គ្នា​នៅ​បាត់ដំបង

តារា​ចម្រៀង​មក​ពី​ផលិតកម្ម​ពីរ​ខុស​គ្នា គឺ​លោក​ព្រាប សុវត្ថិ និង លោក​ខេមរ សេរីមន្ត រួម​ជាមួយ​នឹង​ Dj ឃ្លាំង នឹង​រួម​គ្នា​ច្រៀង​ជូន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​បាន​ទស្សនា​ កម្សាន្ត ​ក្នុង​កម្មវិធី​សប្បុរស​ធម៌​មួយ នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្ប: ហើយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​សម្តែង​របស់​តារា​ទាំង​នោះ នឹង​ត្រូវ​​បរិច្ចាគ​ចូល​អង្គការ​នេះ។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​បាន​មាន​ប្រសាសន៍​ថា៖​ «គោល​បំណង​ចម្បង​​នៃ​កម្ម​វិធី​នេះ​គឺ​ដើម្បី​បង្កើត​នូវ​កម្ម​វិធី​រីក​ រាយ និង សាទរ​ដល់​សិល្បករ​ឆ្នើម​ៗ។ កម្មវិធី​នេះក៏​សំខាន់​ផង​ដែរ​ សម្រាប់​យើង​ ​ ដើម្បី​​ឲ្យ​ទស្ស​និកជន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បាន​ស្គាល់​ពី​អង្គការ ហ្វារ​ពន្លឺ​សិល្បៈ»។

លោក​ ព្រាប​ សុវត្ថិ ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ដែល​បាន​គ្រង​តំណែង​ កំពូល​ជាង​១០​ឆ្នាំ​ជាប់​ៗ​គ្នា​នៅ​ប្រទេស​កម្ពុជា ហើយ​បើ​និយាយ​ពី​ការ​សម្តែង​-​ច្រៀង​វិញ លោក​ស្ទើរ​​ឆ្អិន​អស់​ទៅ​ហើយ។ ចំណែក​លោក​ខេមរ: សេរីមន្ត​ វិញ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ ថ្វី​ដ្បិត​តែ​លោក​ចាប់​អាជីព​ជា​តារា​ចម្រៀង​ក្រោយ​លោក ព្រាប សុវត្ថិ មួយ​ដង្ហើម​ធំ​ក្តី តែ​ប្រជា​ប្រិយ​តារា​រូប​នេះ​ក៏​មិន​ចាញ់​តារា​រាម​ច្បង​ឡើយ​ ហើយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ សេរី​មន្ត ក៏​បាន​ហក់​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​កំពូល​តារា​ល្បី​នៅ​ស្រុក​ខ្មែរ​ជា​ ច្រើន​ឆ្នាំ​មិន​ដែល​ស្រក​ស្រុត​ដែរ​។

ដូច្នេះ​ការ​ប៉ះ​គ្នា​រវាង​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​នារាត្រី​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​ដំបង​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ប្រជា​ប្រិយ​ភាព​របស់​ តារា​ទាំង ​ពីរ​ ហើយ​ចាំ​សង្កេត​មើល​ថា តើ​កំពូល​តារា​រូប​ណា​ធ្វើ​ឲ្យឆាក​តន្ត្រី​កក្រើក​ជាង​គេ​។

ក្រៅ​ពី​តារា​ចម្រៀង​ទាំង​ពីរ ក៏​មាន​ការ​សម្តែង តារា​ចម្រៀង​ជា​ច្រើន​រូប​ផ្សេង​ទៀត រួម​ជាមួយ​នឹង​ការ​សម្តែង​សៀក ​ប្រគំ​តន្រ្តី របាំ​ប្រពៃណី ហ៊ីប​ហប និង​ការ​បង្ហាញ​ការ​គូរ​គំនូរ​ជា​ដើម។ លោក​ព្រាប​ សុវត្ថិ នឹង​សម្តែង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ចំណែក​លោក​ខេមរ: សិរីមន្ត​នឹង​សម្តែង​នៅ​ថ្ងៃ​សៅរ៍​ស្អែក ហើយ​ ពូ ឃ្លាំង​ តារា​ចម្រៀង​រ៉េប ក៏​នឹង​មាន​វត្ត​មាន​នៅ​លើ​ឆាក​តន្ត្រី​ទាំង​ពីរ​យប់​នោះ​ផង​ដែរ។

មហោ​ស្រព​បែប​មិត្តភាព​នេះ ​នឹង​ធ្វើ​នៅ​ទីធ្លារ​អង្គការ​ហ្វារ​ពន្លឺសិល្បៈ​តែ​ម្តង​ដែល​ស្ថិត​នៅ​ ក្នុង​ភូមិ​​អញ្ចាញ ឃុំ​អូរចា ស្រុក​បាត់​ដំបង ចម្ងាយ​ប្រមាណ​ជា​បី​គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង។

ដោយ​ការ​សម្តែង​នេះ​បំណង​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​នៅ​អង្គការ​ហ្វារ​ ពន្លឺ​សិល្បៈ​ដែល​ភាគ​ច្រើន​ជា​អតីត​ជន​រងគ្រោះ​នៃ​ពលកម្ម​កុមារ ​កុមារ​រើស​សំរាម ​និង ​កុមារ​ដែល​ងាយ​រង​គ្រោះ។ ​ដូច្នេះ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​កម្មវិធី​វិភាគ​ទាន​នេះគឺ​មាន​តម្លៃ​១ ​ម៉ឺន​រៀល​សម្រាប់​ប្រជាជន​ខ្មែរ និង ២​ម៉ឺន​រៀល​សម្រាប់​ជន​បរទេស។

កម្មវិធី​សម្តែង​នេះ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៥​ល្ងាច​រហូត​ដល់​ម៉ោង​១១​យប់៕

No comments:

Post a Comment