Monday, December 5, 2011

រោងចក្រ​ចម្រាញ់​ប្រេង​ដំបូង​នៅ​កម្ពុជា​ចាប់​ផ្តើម​សាងសង់​ខែ​មេសា

ដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស៍្តៈ ការ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​ជា​រោង​ចក្រ​ដំបូង​នៅ​កម្ពុជា ដែល​មាន​តម្លៃ​២​ពាន់​លាន​ដុល្លារ​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា។ នេះ​បើ​តាម​មន្ត្រី​ដែល​បាន​ដឹង​ពី​គម្រោង​នេះ​។

គម្រោង​ដែល​នឹង​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​សរុប ៣៦៥​ហិកតា កាត់​ខេត្ត​កំពត និង​ព្រះ​សីហនុ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៤។ ​គម្រោង​នេះ ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ក្នុង​ស្រុក Cambodian Petrochemical Company (CPC) សាជីវកម្ម China National Automation Control System Corporation និង​ក្រុម​ហ៊ុន Sino March Company of China។

រោង​ចក្រ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​ប្រទេស​កម្ពុជា ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស។

លោក ហាន់ ឃាង តំណាង​របស់ CPC បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា បន្ទាប់​ពី​យើង​អាច​ផលិត​ប្រេង និង​ចម្រាញ់​វា​បាន​ដោយ​ខ្លួន​យើង តម្លៃ​ប្រេង​របស់​យើង អាច​នឹង​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង​បាន​ហើយ ដោយ​សារ​យើង​នឹង​មិន​ចាំបាច់​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស​ឡើយ»។

យោង​តាម​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជកម្ម ការ​នាំ​ចូល​ប្រេង បាន​កើន​ឡើង​ដល់ ១,២​លាន​តោន ឬ ១,១៤​ពាន់​លាន​តោន គិត​ត្រឹម​ខែ​តុលា ឆ្នាំ​នេះ។ តួ​លេខ​នេះ បាន​កើន​ឡើង ៦៧​ភាគ​រយ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​ឲ្យ​ដឹង​កាល​ពី​លើក​មុន​ថា តម្រូវ​ការ​ប្រេង​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ​មាន​ចំនួន​ជាង​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ហើយ​ប្រេង​ទាំង​នោះ ភាគ​ច្រើន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ។

លោក​ ហាន់​ ឃាង បាន​ឲ្យ​ដឹង​ថា ការ​សាង​សង់​រោង​ចក្រ​ទាំង​នោះ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ក្នុង​ដំណាក់​កាល​ដំបូង​លើ​ផ្ទៃ​ដី​៨០​ហិកតា​នៃ​ផ្ទៃ​ដី​សរុប ៣៦៥​ហិកតា។

សមត្ថភាព​ចម្រាញ់​សរុប​នឹង​កើន​ឡើង​ដល់​៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ជិត​៨៥​ភាគ​រយ​នៃ​ផលិត​ផល​សម្រេច​ដែល​បាន​លក់​នៅ​ក្នុង​ប្រទេស​នេះ ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ​មុន​ថា កម្ពុជា​នឹង​អាច​ផលិត​ប្រេង​នៅ​តំណក់​លើក​ដំបូង​បាន នៅ​ពេល​រសៀល​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១​២​។ នេះ​ជា​ការ​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​របស់​លោក។

លោក​ក៏​បាន​ព្រមាន​ក្រុម​ហ៊ុន Chevron ដែល​កំពុង​រុក​រក​ប្រេង​នៅ​ប្លុក​A ក្នុង​ឈូង​សមុទ្រ​ប្រទេស​កម្ពុជា​ថា ការ​ខក​ខាន​មិន​អាច​រុក​រក​ប្រេង​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​កិច្ច​ សន្យា​ជាមួយ​ក្រុម​ហ៊ុន​នេះ​ជា​មិន​ខាន​ឡើយ។

លោក​ Steve Glick ប្រធាន ក្រុម​ហ៊ុន Chevron Overseas Petroleum ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ខែ​សីហា​ថា ទាក់​ទង​នឹង​បច្ចេក​ទេស Chevron ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​រុក​រក​ប្រេង។ ក្រុម​ហ៊ុន​របស់​លោក បាន​កំពុង​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា ប៉ុន្តែ​សង្ឃឹម​ថា បញ្ហា​ទាំង​នោះ​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​លើ​ការ​វិនិយោគ​ របស់​ក្រុម​ហ៊ុន​នេះ។

លោក​បន្ត​ថា Chevron បាន​បណ្តាក់​ទុន ១៦០​លាន​ដុល្លារ​លើ​អណ្តូង​ប្រេង​ចំនួន​១៨ នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០២​មក។

លោក ហាន់ ឃាង បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា CPC បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សិក្សា​អំពី​លទ្ធភាព​ជាមួយ​ CNACSC ទាក់​ទង​នឹង​ជម្រើស​ក្នុង​ការ​វិនិយោគ​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​លើ​ការ​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង បន្ទាប់​ពីការ​សិក្សា​អំពី​លទ្ធភាព បាន​បញ្ចប់​ទៅ។

លោក​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​រវាងCPC ជាមួយ​ Sino March ត្រូវ​បាន​ចុះ​ហត្ថ​លេខា ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​បន្ថែម​ពី​លើ​គម្រោង​នោះ ក៏​ដូច​ជា​បច្ចេក​វិទ្យា​ចម្រាញ់​ប្រេង​ថ្មី​ៗ ដែល​អាច​ជួយ​បង្កើន​ទិន្ន​ផល​​រោង​ចក្រ​នេះ​។

CPC មាន​ភាគ​ហ៊ុន ៤៩​ភាគរយ​នៅ​ក្នុង​គម្រោង​វិនិយោគ​នេះ ហើយ​ភាគ​ហ៊ុន​ដែល​នៅ​សល់​ ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត។

លោក ហាន់ ឃាង បាន​ឲ្យ​ដឹង​ថា ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​របស់ CPC ជាមួយ​ CNACSC ត្រូវ​បាន​ផ្តល់​ការ​គ្រប់​គ្រង​រោងចក្រ​ដល់​ក្រុម​ហ៊ុន​ចិន​រយៈពេល ១០​ឆ្នាំ មុន​ការ​គ្រប់​គ្រង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ CPC​ វិញ​។ លោក​បាន​បន្ថែម​ថា ថ្វី​បើ​យ៉ាង​នេះ​ក្តី កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ Sino March អាច​ឲ្យ CPC គ្រប់​គ្រង​ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ទៅ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ អាច​ចែក​ប្រាក់​ចំណូល​ជាមួយ​ CNACSC និង Sino March សម្រាប់​រយៈ​ពេល​១០​ឆ្នាំ ប៉ុន្តែ​​លោក​បាន​បដិសេធ​បង្ហាញ​អំពី​ចំនួន​នោះ​។

លោក ហាន់ ឃាង បាន​សង្កត់​ធ្ងន់​ថា ទុន​សម្រាប់​គម្រោង​នេះ មិន​មែន​ជា​បញ្ហា​ឡើយ ដោយ​សារ​៨៥​ភាគ​រយ នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​ដៃ​គូ​បរទេស ហើយ​នៅ​សល់១៥​ភាគ​រយ​គ្រប់​គ្រង​ដោយ​CPC។

ការ​ព្យាករ​លើក​ដំបូង​សម្រាប់​ទឹក​ប្រាក់​វិនិយោគ​៦០០​លាន​ដុល្លារ​ ជា​ចំនួន​ប៉ាន់​ស្មាន​សម្រាប់​ការ​​ចម្រាញ់​តែ​ប្រេង​ក្នុង​ស្រុក ប៉ុណ្ណោះ ប៉ុន្តែ​លោក ហាន់ ឃាង បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​អំពី​លទ្ធភាព បាន​រក​ឃើញ​ថា រោង​ចក្រ​នេះ គួរ​ប្រើ​សម្រាប់​ចម្រាញ់​ប្រេង​ឆៅ​ដែល​នាំ​ចូល​ពី​បណ្តា​ប្រទេស​នៅ​​ អឺរ៉ុបផង​ដែរ​។

លោក​កត់​សម្គាល់​ឃើញ​ថា រោង​ចក្រ​កម្ពុជា នឹង​អាច​ចម្រាញ់​ ​ប្រេង​ដែល​មាន​ផូស្វ័រ​តិច ឬ​ច្រើន ហើយ​មាន​សមត្ថភាព​ចម្រាញ់។

សមត្ថភាព​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​វិនិយោគ អាច​កើន​ឡើង​ដល់​២​ពាន់​លាន​ដុល្លារ​។

យោង​តាម សេចក្តី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​ទី១​ធ្នូ លោក Xu Jian តំណាង​ក្រុម​ហ៊ុន Sino March បាន​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ដើម្បី​ពិភាក្សា​អំពី​ការ​ងារ​ក្រុម​ហ៊ុន​នេះ ជាមួយ CPC ដោយ​ក្នុង​កិច្ច​ពិភាក្សា​នោះ លោក​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គម្រោង​នេះ​។

លោក ហាន់ ឃាង បាន​ឲ្យ​ដឹង​ថា CPC មាន​គម្រោង​បញ្ជូន​និស្សិត​៣០០​នាក់ ទៅ​រៀន​ផ្នែក​វិស្វកម្ម និង​ឧស្សាហកម្ម​រុក​រក​ប្រេង នៅ​ប្រទេស​ចិន នៅ​ពេល​ដែល​រោង​ចក្រ​នេះ​សាង​សង់​រួច ហើយ​សិស្ស ៣០០​នាក់​ផ្សេង​ទៀត នឹង​ត្រូវ​បណ្តុះ​បណ្តាល​នៅ​កម្ពុជា​ដោយ​អ្នក​ជំនាញ​ក្នុង​ស្រុក នឹង​មក​ពី​ប្រទេស​ចិន៕ CS

No comments:

Post a Comment