Wednesday, December 14, 2011

នួន ជា សារភាព​ថា ខ្លួន​ពិត​ជា​បាន​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ពី​ទីក្រុង

ភ្នំពេញៈ ការ​ជម្លៀស​ប្រជាជន​រាប់​លាន​នាក់​ឲ្យ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​គណៈ​កម្មាធិការ​កណ្តាល​របស់​បក្ស​នៅ​ក្នុង កិច្ច​ប្រជុំ​ជា​ច្រើន​ដែល​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​១៩៧៣​។ នេះ​បើ​យោង​តាម​លោក នួន ជា បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ដែល​បាន​ផ្តល់​កសិណ​សាក្សី​កាល​ពី​ ម្សិល​មិញ។
បុរស​វ័យ​៨៥​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ចៅ​ក្រម​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថា ការ​ជម្លៀស​ប្រជាជន​ចេញ គឺ​ត្រូវ​ធ្វើ​ដើម្បី​រំដោះ​ទីក្រុង​ និង​ការ​ពារ​មិន​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​ប្រជាជន​បន្ថែម​ទៀត ក្រោម​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក​។
លោក​ បាន​បន្ត​ថា​៖ «យើង​ចាំបាច់​ជម្លៀស​ប្រជាជន​ទៅ​ខេត្ត​ផ្សេង​ៗ និង​សហករណ៍​ផ្សេង​ៗ​ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​ទទួល​ទាន​»។
ការ​ជម្លៀស​ប្រជាជន​ទាំង​បង្ខំ​ដំបូង​ចេញ​ពី​កណ្តាល​ក្រុង​ក្នុង​ខែ មេសា ឆ្នាំ​១៩៧៥​ គឺជា​ប្រធាន​បទ​ចម្បង​តែ​មួយ​គត់​នៅ​ក្នុង​សវនាការ​កាត់​ក្តី​ទី​មួយ​ ក្នុង​សំណុំ​រឿង​០០២​។ ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា ពិពណ៌នា​ថា ជា​ការ​ចាប់​ផ្តើម​នៃ ​«​សុបិន​អាក្រក់​» ​នៃ​ការ​កាន់​កាប់​របស់​ខ្មែរ​ក្រហម​។ ​ប្រជាជន​រាប់​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ឲ្យ​ដើរ​តាម​ផ្លូវ​ក្រៅ​ទីក្រុង​ ហើយ​មាន​ប្រជាជន​ជា​ច្រើន​បាន​ស្លាប់​ដោយ​សារ​ជំងឺ និង​ការ​អត់ឃ្លាន​។
ក្នុង​អំឡុង​ពេល​ជិត​៣​ម៉ោង​នៃ​ការ​សួរ​ចម្លើយ​ លោក នួន ជា​ បាន​ថ្លែង​ថា បក្ស​គឺ​មិន «​ស្អាត​ស្អំ​១០០​ភាគរយ»​ ហើយ​ត្រូវ​បាន​បង្កើត​ក្នុង​សង្គម​ពុករលួយ និង​កលិយុគ​។
ខណៈ​កំពុង​ពិពណ៌នា​អំពី «​ធាតុ​អាក្រក់​» នៅ​ក្នុង​បក្ស​ ចុង​ចោទ​វ័យ​ចំណាស់​រូប​នេះ បាន​រំឭក​អំពី​ឧប្បត្តិហេតុ​មួយ​ក្នុង​អំឡុង​របប​នោះ ខណៈ​កំពុង​បើក រថយន្ត​នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​សៀមរាប។
លោក នួន ជា​ បាន​និយាយ នៅ​ក្នុង​តុលាការ​ថា​៖ «​ថ្ងៃ​មួយ​ នៅ​វេលា​ម៉ោង​ប្រហែល​៤​ព្រឹក ​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​រថយន្ត​ទៅ​ខេត្ត​សៀមរាប ខ្ញុំ​បាន​ឃើញ​ហ្វូង​ប្រជាជន​មួយ​ក្រុម​ ហើយ​ខ្ញុំ​បាន​សួរៈ ​តើ​អ្នក​រាល់​គ្នា​កំពុង​ទៅ​ណា​នៅ​ព្រឹក​ព្រលឹម​នេះ? ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​ទៅ​ស្ទូង​ស្រូវ ហើយ​ខ្ញុំ​បាន​សួរ​ពួក​គេ​ថា ​ហេតុ​អ្វី​បាន​ជា​ព្រលឹម​យ៉ាង​ដូច្នេះ​»។ «​ពួក​គេ​និយាយ​ថា នោះ​គឺជា​បញ្ជា​ពី​ថ្នាក់​លើ ហើយ​ខ្ញុំ​និយាយ​ថា ទេ វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ​»។​
បន្ទាប់​មក​លោក ​បាន​អះអាង​ថា ​លោក​ត្រូវ​បាន​គេ​បោក​ក្នុង​អំឡុង​ដំណើរ​ចុះ​ទៅ​សហករណ៍ ដោយ​គេ​ឲ្យ​លោក​មើល​តែ​មនុស្ស​មាន​សុខ​ភាព​ល្អ និង​មិន​ស្គមស្គាំង។
ជន​ជាប់​ចោទ​ទាំង​បី​នាក់​ចូល​បង្ហាញ​ខ្លួន​ក្នុង​ក្រចក​សេះ​កាល​ពី​ ម្សិលមិញ​ដែល​ក្នុង​នោះ លោក អៀង​ សារី បាន​ថ្លែង​អះអាង​ថា លោក​នឹង​មិន​ផ្តល់​កសិណ​សាក្សី​ណា​មួយ​នោះ​ទេ​។
លោក ខៀវ សំផន អាយុ​៧៨​ឆ្នាំ បាន​ថ្លែងថា ​លោក​នឹង​មិន​ឆ្លើយ​សំណួរ​នោះ​ទេ​រហូត​ទាល់​តែ​ព្រះ​រាជអាជ្ញា​បង្ហាញ​ ភស្តុតាង​លើ​រូប​លោក ប៉ុន្តែ​លោក​បាន​អាន​នូវ​សេចក្តី​ថ្លែង​ការណ៍​វែង​មួយ​ថា លោក​មិន​មែន​ជា​របស់​បក្ស​នោះ​ទេ ហើយ​មិន​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ទេ​។
លោក​ បាន​ថ្លែង​បន្ត​ថា​៖ «​ប៉ុល ពត​ បាន​គិត​ថា​ ខ្ញុំ​ជា​អ្នក​ចេះ​ដឹង​ម្នាក់​ដែល​មក​រស់​នៅ​ជាមួយ​ CPK (គណបក្ស​កុម្មុយនីស្ត​កម្ពុជា)»៕ PS

No comments:

Post a Comment